ដំបូន្មានផ្នែកហិរញ្ញវត្ថុ ៧ ចំណុចដែលសហគ្រិនគួរស្វែងយល់មុនចាប់ផ្ដើមអាជីវកម្ម


ការចាប់ផ្ដើមអាជីវកម្មមួយ វាមិនមែនចេះតែងាយស្រួលទទួលបានជោគជ័យនោះទេ។ សហគ្រិនខ្លះជួបបញ្ហាផ្សេងៗគ្នាទៅតាមទំហំនៃអាជីវកម្មដែលសហគ្រិននោះធ្វើ។ ខាងក្រោមនេះ គឺជាដំបូន្មាន ៧ ចំណុច ដែលសហគ្រិនគួរស្វែងយល់ ដើម្បីបញ្ចៀសកំហុសនៃបញ្ហាផ្នែកហិរញ្ញវត្ថុ។

undefined

១. ការយល់ដឹងពីលំហូរនៃហិរញ្ញវត្ថុ គឺជារឿងសំខាន់

ការបរាជ័យនៃអាជីវកម្មមួយ គឺមានហេតុផល​ផ្សេងៗជាច្រើន ប៉ុន្ដែហេតុផលចម្បងមួយដែលនាំឱ្យបរាជ័យនៃអាជីវកម្មនោះ គឺការអស់នូវធនធានហិរញ្ញវត្ថុទាំងកណ្ដាលទី។ ហេតុដូច្នេះ សហគ្រិនថ្មីថ្មោងដែលចាប់ផ្ដើមអាជីវកម្ម ត្រូវតែដឹងពីសាច់ប្រាក់ដែលត្រូវចំណាយ និងចំណូលឱ្យបានច្បាស់លាស់។ ប្រសិនបើម្ចាស់អាជីវកម្ម មិនបានគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវនោះទេ អាជីវកម្មរបស់អ្នកនឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់​ដែលឈានទៅដល់ការបិតទ្វារ ឬបរាជ័យតែម្ដង។

២. តាមដាន ឬគ្រប់គ្រងការចំណាយទាំងអស់

ការចាប់ផ្ដើមអាជីវកម្មដំបូង គឺត្រូវចំណាយច្រើន ទាំងការជ្រើសរើសបុគ្គលិក ការប្រើប្រាស់ធនធានផ្សេងៗជាដើម។ ដូច្នេះ ម្ចាស់អាជីវកម្មគួរបង្កើតឧបករណ៍ ឬកម្មវីធីណាមួយ ដើម្បីគ្រប់គ្រងការចំណាយរបស់ក្រុមហ៊ុនឱ្យបានត្រឹមត្រូវ។

៣. ការចំណាយត្រូវឱ្យមានភាពត្បិតត្បៀត

ការចំណាយត្បិតត្បៀត គឺជារឿងសំខាន់សម្រាប់ការចាប់ផ្ដើមអាជីវកម្មដំបូង ព្រោះវាអាចធ្វើឱ្យអាជីវកម្មនោះដំណើរការទៅមុខបានយូរអង្វែង។ អាជីវកម្មខ្លះ មិនចាំបាច់ចំណាយច្រើនទៅលើការិយាល័យ ទាល់តែនៅចំកណ្ដាលទីក្រុង មានការតុបតែងក្បាច់ក្បូរប្លែក ទើបល្អ ឬ​ត្រូវតម្រូវឱ្យមានអាហារសម្រន់៣ពេលសម្រាប់បុគ្គលិកនោះទេ ព្រោះការចំណាយខ្លះវាខ្ចះខ្ចាយ។

៤. មានភាពវិជ្ជមានខ្ពស់ ប៉ុន្ដែត្រូវត្រៀមខ្លួនប្រឈមបញ្ហាអាក្រក់

យើងមិនអាចដឹងច្បាស់ថានឹងមានអ្វីកើតឡើងនោះទេ នៅពេលចាប់ផ្តើមអាជីវកម្មដំបូង    មួយ។ ការណ៍នេះ សហគ្រិន គួរសិក្សាឱ្យបានស៊ីជម្រៅ និងត្រៀមខ្លួនឱ្យបានល្អបំផុត ដើម្បីដោះស្រាយក្នុងករណីបញ្ហាអាក្រក់ណាមួយដែលអាចនឹងកើតមានឡើង។

៥. ពេលវេលា គឺជាធនធានដ៏សំខាន់បំផុត

គ្មានអ្វីមានតម្លៃជាងពេលវេលានោះទេ។ ពេលវេលា គឺជាមាសប្រាក់។ ដូច្នេះ រាល់ការរៀបចំគម្រោងអ្វីមួយ ឬការរៀបចំកាលវិភាគទៅលើកិច្ចការប្រចាំថ្ងៃនៃអាជីវកម្ម គឺជារឿងសំខាន់បំផុត។ រាល់ការចំណាយពេលវេលាធ្វើអ្វីដែលមិនទាក់ទងនឹងអាជីវកម្មរបស់អ្នក គឺជាការខ្ចះខ្ចាយពេលវេលា (លុយ) ឥតប្រយោជន៍ ដែលនាំឱ្យខាត់បង់ដល់ក្រុមហ៊ុន។

៦.​សហគ្រិនគួរប្រាកដថាខ្លួនអាចចំណាយលើខ្លួនឯងបានពេលចាប់ផ្ដើមអាជីវកម្ម

សហគ្រិន គួរផ្ដល់ឱ្យខ្លួនឯងនូវការរស់នៅឱ្យបានសមរម្យ ដោយធ្វើយ៉ាងណាកុំឱ្យខ្លូនមានសម្ពាធចំពោះបញ្ហាហិរញ្ញវត្ថុ។ នៅពេលម្ចាស់អាជីវករ មិនមានសម្ពាធរឿងបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន នោះសហគ្រិន នឹងមានការផ្ដោតយកចិត្តទុកកាន់តែខ្លាំងចំពោះអាជីវកម្មដែលខ្លួនកំពុងធ្វើ។

៧. បង្កើតគោលដៅហិរញ្ញវត្ថុ

វាមិនប្រសើរទេ ប្រសិនបើអ្នកគ្រាន់តែនិយាយថា “ខ្ញុំចង់បង្កើតក្រុមហ៊ុនដែលមានលុយរាប់លានដុល្លារ” ប៉ុន្ដែអ្វីដែលប្រសើរ គឺការបង្កើត ឬកំណត់គោលដៅហិរញ្ញវត្ថុមួយ                      ឱ្យច្បាស់លាស់ ដែលអាចវាយតម្លៃ និងវាស់ស្ទង់បាន ដោយឈានដល់ការសម្រេចគោលដៅអាជីវកម្មនោះ៕

ប្រែសម្រួលអត្ថបទដោយ៖ ភូមរា

ប្រភព៖ Entrepreneur.com