លោក នួន អក៖ មនុស្សម្នាក់ៗ គួររៀនសូត្រពីចំណុចទាំងនេះ


អាជីវកម្មមួយអាចដំណើរការទៅមុនបានវាអាស្រ័យទៅលើការចេះរៀបចំ ផែនការ ទិសដៅ យុទ្ធសាស្រ្ត និងការដាក់នូវវិន័យសម្រាប់ខ្លួនឯងក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃ។

undefined

លោក នួន អក អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យមួយ បានលើកឡើងថា៖ បើអ្នកចង់ជោគជ័យក្នុងជីវិត អ្នកគួរសិក្សាពីចំណុចខាងក្រោមនេះ៖

១. សេពគប់បុគ្គលជោគជ័យឱ្យបានច្រើន

ទំនាក់ទំនង គឺជារឿងសំខាន់សម្រាប់មនុស្សម្នាក់ៗ។ បើអ្នកទាក់ទងជាមួយអ្នកជោគជ័យ អ្នកនឹងទទួលបាននូវចំណេះដឹង គំនិតថ្មីៗក្នុងការចាប់ផ្តើមអាជីវកម្ម និងរឿងអស្ចារ្យជាច្រើន។

២.ធ្វើអ្វីដែលយើងស្រលាញ់

របស់ដែលអ្នកស្រឡាញ់គឺជារបស់ដែលមានតម្លៃ។ ដូច្នេះ អ្នកគួរធ្វើអ្វីដែលខ្លួនស្រឡាញ់ ហើយគួរចេះថែរក្សាឱ្យបានល្អ និងធ្វើវាឱ្យរីកចម្រើន។

៣.មានស្មារតីប្រកួតប្រជែងជាមួយខ្លួនឯង

បញ្ហាធំរបស់មនុស្សម្នាក់ៗ គឺការមិនស្គាល់ខ្លួនឯង។ ដូច្នេះ រៀនយកឈ្នះ និងស្គាល់ខ្លួនឯងឱ្យច្បាស់ ទើបអ្នកអាចឈ្នះលើជោគវាសនារបស់ខ្លួនបាន។

៤.មានទម្លាប់ធ្វើអ្វីមួយឱ្យបានជាប្រចាំ

ការងាដែលអ្នកធ្វើជាប្រចាំ វាជាទម្លាប់មួយដែលល្អសម្រាប់បង្រៀនឱ្យអ្នកចេះតស៊ូ។ បើអ្នកធ្វើខ្លួនទំនេរច្រើន យូរទៅអ្នកនឹងក្លាយជាមនុស្សដែលខ្ជិល។ ភាពខ្ជិលនេះហើយដែលនឹងរុញច្រានអ្នកទឿរកការបរាជ័យក្នុងជីវិត។

៥. ហ៊ានឆ្លងកាត់ភាពបរាជ័យ

គ្មានមនុស្សជោគជ័យណា ដែលមិនធ្លាប់ឆ្លងកាត់ការបរាជ័យនោះឡើយ។ ដូច្នេះហើយ ត្រូវហ៊ានប្រឈមមុខចំពោះរឿងបរាជ័យ។ បើជួបរឿងនោះមែន អ្នកត្រូវតស៊ូជម្នះ ក្រាញននៀល ដោះស្រាយវាតាមទំហំនៃបញ្ហាដែលអ្នកបានជួប។

undefined

៦.កុំទាន់បោះបង់មុនពេលចូលសមរភូមិ

សមរភូមិគ្រាន់តែជាទីលាននៃការប្រកួតប្រជែងគ្នាយកឈ្នះ ឬចាញ់តែប៉ុណ្ណោះ។ វាគ្មានអ្វីដែលអ្នកត្រូវភ័យខ្លាចនោះទេ ប៉ុន្តែបើអ្នកខ្លាចប្រៀបបីដូចជាអ្នកបរាជ័យ  ជួនកាលវាគ្មានអ្វីដែលពិបាកសម្រាប់អ្នកនោះទេ ។

៧.កសាងភាពជឿជាក់លើខ្លួនឯង

ការតាំងចិត្ត និងជំនឿជឿជាក់លើខ្លួនឯង គឺជាកម្លាំងចិត្តដែលធ្វើឱ្យអ្នកដើរទៅមុនដោយមិនមានការភ័យខ្លាច។

៨.ជោគជ័យកើតចេញពីខាងក្នុង

គ្រប់ផែនការ ទិសដៅ និងយុទ្ធសាស្ត្រដែលអ្នកបានដាក់វាចេញ បើអ្នកខិតខំធ្វើវាអស់ពីចិត្តរបស់អ្នក នោះនឹងទទួលបានជោគជ័យ។

៩.ផ្លាស់ប្តូរផ្នត់គំនិត

ការផ្លាស់ប្តូរទម្លាប់ គំនិត និងសកម្មភាពដែលមិនមានផលប្រយោជន៍ មកចាប់យកនូវគំនិតវិជ្ជមានសម្រាប់ខ្លួន គឺជារឿងដ៏សំខាន់នៃនាវាជោគជ័យ។

១០.ស្វែងយល់ពីច្បាប់ធម្មជាតិ

ធម្មជាតិជាអ្នកបង្កើតអ្វីៗគ្រប់យ៉ាងនៅលើផែនដី មានទាំង ល្អ អាក្រក់ មាន ឬក្រជាច្បាប់របស់ធម្មជាតិ ប៉ុន្តែអ្នកមិនត្រូវបណ្តោយខ្លួនទៅតាមច្បាប់ធម្មជាតិទាំងស្រុងនោះទេ។ បើអ្នកចង់ជោគជ័យ អ្នកត្រូវកំណត់ផែនការខ្លួនឯងឱ្យបានច្បាស់៕

 

អត្ថបទដោយ៖ លក្ខិណា