តើមានគន្លឹះអ្វីខ្លះដែលធ្វើឱ្យអ្នកជោគជ័យក្នុងពេលបច្ចុប្បន្ន?


នៅក្នុងសង្គមបច្ចុប្បន្ន​ អ្នកណាក៏ចង់ជោគជ័យដែរ តែភាពជោគជ័យវាអាស្រ័យទៅលើការចេះរៀបចំផែនការសម្រាប់ខ្លួនឯង ការជម្រុះនូវទម្លាប់អាក្រក់ចោល ការពង្រីកសកម្មភាព និងការកំណត់គោលដៅជាដើម។ តើមានគន្លឹះអ្វីខ្លះដែលធ្វើឱ្យអ្នកជោគជ័យក្នុងពេលបច្ចុប្បន្ន?

undefined

លោក ឃីម សុខហេង នាយកវិទ្យាស្ថានសិក្សាដើម្បីភាពជោគជ័យបានលើកឡើងថា ដើម្បីធ្វើឱ្យខ្លួនជោគជ័យ មនុស្សម្នាក់ៗគួរអនុវត្តនូវចំណុចទាំង ៩ យ៉ាងនេះ៖

១. ជម្រុះទម្លាប់អាក្រក់ចោល

អ្នកត្រូវតែបញ្ឈប់ទម្លាប់កុហកខ្លួនឯងច្រើនពេក ហើយត្រូវចេះរៀបចំគោលដៅក្នុងជីវិតឱ្យបានច្បាស់លាស់ ទើបក្លាយជាអ្នកជោគជ័យបាន។

២. មានឆន្ទៈចង់ជោគជ័យដូចចង់ដកដង្ហើម

មនុស្សម្នាក់ៗតែងតែមានឆន្ទៈចង់ក្លាយជាអ្នកជោគជ័យ តែអ្នកក៏ត្រូវមានឆន្ទៈឱ្យដូចដែលអ្នកដកដង្ហើមដែរ​ ហើយធ្វើការឱ្យអស់ពីសមត្ថភាព នោះអ្នកនឹងទទួលបានលទ្ធផលល្អដែលអ្នកចង់បាន។

៣. អភិវឌ្ឍពីខាងក្នុងមកមុន

អ្នកត្រូវតែធ្វើអ្វីឱ្យចេញពីចិត្តរបស់អ្នក ព្រោះបើអ្នកមិនធ្វើចេញពីចិត្តនោះទេ អ្នកនឹងមិនទទួលបាននូវភាពជោគជ័យនោះឡើយ។

៤. ព្យាបាលជំងឺតួឯក

អ្នកមិនត្រូវធ្វើខ្លួនជាមនុស្សតួឯកនិយមនោះទេ ព្រោះអាចធ្វើឱ្យអ្នកអស់តម្លៃ និងជាមិនមានអ្នកដទៃចង់រាប់អានជាមួយ។

៥. បង្វែរបញ្ហាឱ្យក្លាយទៅជាឱកាស

អ្នកដែលចេះកែប្រែនូវកំហុសទៅជាឱកាស ចេះស្តាប់នូវបញ្ហា   ហើយបង្កើតបញ្ហានោះទៅជាដំណោះស្រាយ គឺជារឿងអស្ចារ្យ។

៦.ដាំគំនិតក្នុងដី មិនមែនក្នុងផើងនោះទេ

បើអ្នកចង់ជោគជ័យបានយូរអង្វែរ អ្នកត្រូវតែធ្វើជាមនុស្សដែលចេះដាំដុះក្នុងដីមិនមែនធ្វើការដាំដុះនៅក្នុងផើងនោះទេ។ បើអ្នកធ្វើជាមនុស្សដែលដាំដុះនៅក្នុងផើង នោះការចាក់ឬស នឹងមានដែនកំណត់របស់វា ទោះជាការដាំគំនិតក្នុងដី និងក្នុងផើងមានអាយុស្មើគ្នាក៏ដោយ ។

undefined

៧. ធ្វើជាមនុស្សដែលអាចទុកចិត្តបាន

ទំនុកចិត្ត គឺជារឿងសំខាន់សម្រាប់មនុស្សម្នាក់ៗ។ បើអ្នកអាចផ្ដល់ទំនុកចិត្តឱ្យអ្នកដទៃបាន នោះមានន័យថា អ្នកកំពុងឈានជើងទៅរកភាពជោគជ័យ

៨. ត្រូវរកវិធីជាជាងរកលេស

អ្នកណាក៏ចេះមានកំហុសដែរ តែសំខាន់ពេលដែលអ្នកធ្វើខុសត្រូវចេះទទួលខុសត្រូវ ហើយរកនូវដំណោះស្រាយ កុំមានលេសច្រើនពេក។

៩. ភ្ជាប់ខ្លួនជាមួយមនុស្សបីប្រភេទ

មនុស្សបីប្រភេទនេះចង់មានន័យថា បើអ្នកចង់មានអ្នកត្រូវតែទៅទាក់ទងជាមួយអ្នកមាន បើអ្នកចង់ចេះអ្នកត្រូវទៅទាក់ទងជាមួយអ្នកចេះ និងបើអ្នកចង់មានចំណងទាក់ទងល្អអ្នកត្រូវតែទៅទាក់ទងជាមួយអ្នកដែលមានទំនាក់ទំនងល្អ៕

អត្ថបទដោយ៖លក្ខិណា